អ្នកឃ្លាំមើលថា កម្ពុជាដល់ពេលត្រូវពឹងពហុភាគីឱ្យចូលរួមជួយដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

អ្នកឃ្លាំមើលបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរដល់ពេលទៅពឹងឱ្យអង្គការសហប្រជាជាតិ និងប្រទេសបារាំង ដែលជាសហប្រធានកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ដើម្បីបញ្ជូនក្រុមអ្នកជំនាញខាងកិច្ចការព្រំដែន ឱ្យមកជួយចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ការលើកឡើងនេះ បន្ទាប់ពីតំបន់ព្រំដែនសំខាន់ៗ ត្រូវបានទាហានថៃចូលរាយបន្លាលួសព័ទ្ធយកទៅត្រួតត្រា ក្រោយពីមានបទឈប់បាញ់។

ស្របពេល​ទាហាន​ថៃ​បន្ត​រាយ​បន្លាលួស​រំលោភ​ចូល​ដី​ខ្មែរ​នៅ​ព្រំដែន អ្នក​ឃ្លាំមើល​បាន​យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ទ្វេភាគី​ទៀត​នោះ​ទេ ហើយ​ដល់​ពេល​ត្រូវ​ទៅ​ពឹងពាក់​ឱ្យ​មាន​ពហុភាគី​ចូលរួម​ជួយ​ដោះស្រាយ ទើប​អាច​ដណ្ដើម​មក​វិញ​នូវ​ទឹក​ដី​ដែល​ទាហាន​ថៃ​ចូល​រាយ​បន្លាលួស​រំលោភ។

អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​លោក គឹម សុខ បាន​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា​ថា រដ្ឋាភិបាល​គួរ​ឈប់​នៅ​ស្ងៀមស្ងាត់ ហើយ​ត្រូវ​ចេញ​មក​បកស្រាយ​ឱ្យ​ពលរដ្ឋ​ឈប់​មាន​មន្ទិលសង្ស័យ ចំពោះ​ការ​អះអាង​របស់​ក្រុម​ទាហាន​ថៃ ដែល​ថា​ពួកគេ​កំពុង​តែ​គ្រប់គ្រង​ទាំង​ស្រុង​នៅ​តំបន់​ព្រំដែន​សំខាន់ៗ ដូចជា​នៅ​តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និង​កំពូល​ភ្នំ​ទ្រព្យ​ជាដើម បន្ទាប់ពី​ការ​ប្រយុទ្ធ​ដណ្ដើម​គ្នា​ដ៏​បង្ហូរឈាម​ក្នុង​សង្គ្រាម​៥​ថ្ងៃ​ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី២៨ ខែកក្កដា។

លោក គឹម សុខ បាន​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា តំបន់​ទាំង​នោះ​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​ការ​ត្រួតត្រា​របស់​កងទ័ព​ថៃ​មែន​នោះ ដូច្នេះ គឺ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ក្លាហាន​ស្នើ​ទៅ​សហប្រធាន​កិច្ចប្រជុំ​សន្ដិភាព​ក្រុងប៉ារីស កោះ​ប្រជុំ​ឡើង​វិញ ដើម្បី​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​បារាំង​បញ្ជូន​អ្នក​ជំនាញ​បច្ចេកទេស​ខាង​កិច្ចការ​ព្រំដែន ឱ្យ​មក​ជួយដោះស្រាយ​ជា​ពហុភាគី​ជាមួយ​ថៃ ហើយ​បញ្ហា​នៅ​សេសសល់​ទៀត ត្រូវ​បន្ត​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ជម្រះ​សេចក្ដី​ចុង​ក្រោយ។

ពីព្រោះ​នៅ​លើ​យន្តការ​អន្តរជាតិ អ្នក​ជំនាញ​អន្តរជាតិ គេ​មិន​ផ្អែក​លើ​ការ​អះអាង​របស់​ភាគី​ជម្លោះ​ណា​មួយ​ទេ ក៏​ប៉ុន្តែ​គេ​ផ្អែក​លើ​អនុសញ្ញា សន្ធិសញ្ញា ផែនទី​ឧបសម្ព័ន្ធ​ភ្ជាប់ ហើយ​និង​ច្បាប់​អន្តរជាតិ​នានា​ដែល​ពាក់ព័ន្ធ ដើម្បី​ការពារ​ភាគី​រងគ្រោះ​ហើយ។

—  លោក គឹម សុខ

ការ​លើកឡើង​ពី​អ្នក​ឃ្លាំមើល​នេះ បាន​ធ្វើឡើង​ស្របពេល​ទាហាន​ថៃ​បន្ត​ដើរ​រាយ​បន្លា​លួស​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា បន្ទាប់​ពី​អះអាង​ថា​ពួក​គេ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​តំបន់​ព្រំដែន​សំខាន់ៗ ទៅ​ត្រួតត្រា​ទាំង​ស្រុង ដូចជា​នៅ​ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ តំបន់​មុំបី និង​កំពូល​ភ្នំទ្រព្យ​ជាដើម ដោយ​បាន​ដោត​ទង់​ជាតិ​ថៃ ជីក​ធ្វើ​លេណដ្ឋាន​កងទ័ព បំពាក់​កាមេរ៉ា និង​ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ទាំង​នោះ។ មេទ័ពថៃ​ថែម​ទាំង​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ចេញ​ចូល​ទៅ​កាន់​តំបន់​ព្រំដែន​ឬ​ប្រាសាទ​ទាំង​នោះ ត្រូវ​តែ​មាន​លិខិត​ឆ្លង​ដែន។

ចំណែក​ប្រាសាទ​តាក្របី ទាហាន​ថៃ​បាន​សារភាព​ថា ព្យាយាម​ចូល​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទៅ​ត្រួតត្រា ក្រោយ​ពី​មាន​បទ​ឈប់​បាញ់ ប៉ុន្តែ​ដោយសារ​ជា​តំបន់​ដែល​នៅ​សេសសល់​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ច្រើន​ពេក និង​ធ្លាប់​មាន​ទាហាន​ថៃ​ដើរ​ជាន់​ផ្ទុះ​នៅ​ជិត​ប្រាសាទ ទើប​ធ្វើ​ឱ្យ​ទាហាន​ថៃ​ដកថយ និង​កំពុង​ជំរុញ​ឱ្យ​កងទ័ព​កម្ពុជា​ចូលរួម​ដោះ​មីន​ទាំង​នោះ​វិញ ដោយ​អះអាង​ថា​ជា​ទឹក​ដី​របស់​ខ្លួន។

ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​លើកឡើង​ថា មូលហេតុ​ដែល​ប្រាសាទ​និង​ភ្នំ​របស់​ខ្មែរ ធ្លាក់​ទៅ​ក្នុង​ការ​ត្រួតត្រា​របស់​ទាហាន​ថៃ​នៅ​ពេល​នេះ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យឺតយ៉ាវ​មិន​ព្រម​ដាក់​ពាក្យ​ប្ដឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) ឱ្យ​បាន​លឿន​ពីព្រោះ​ទឹក​ដី​ទាំង​នោះ ជា​របស់​ខ្មែរ​ស្របតាម​ច្បាប់​អន្តរជាតិ បើ​យោង​ទៅ​តាម​អនុសញ្ញា និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ១៩០៤ និង​ឆ្នាំ១៩០៧ ដែល​មាន​ភ្ជាប់​ផែនទី​ជា​ឧបសម្ព័ន្ធ​ខ្នាត​១លើ២០០ពាន់ ជា​ផែនទី​ទទួល​ស្គាល់​ជា​អន្តរជាតិ ខុស​ពី​ផែនទី​ខ្នាត​១លើ៥០ពាន់​របស់​ប្រទេស​ថៃ ដែល​គូស​ដោយ​ឯកតោ​ភាគី។

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ថា ប្រាសាទ​និង​ភ្នំ​ដែល​ទាហាន​ថៃ​កំពុង​ត្រាតត្រា នឹង​អាច​ក្លាយ​ជា​ទឹកដី​របស់​ខ្មែរ​វិញ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពន្លឿន​ដាក់​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ លោក​បាន​បន្ត​ថា ក្រៅ​ពី​តំបន់​ទាំង​៤ ដូចជា​ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង​តំបន់​មុំបី កម្ពុជា​ក៏​គួរ​បញ្ចូល​តំបន់​មួយ​ចំនួន ដូចជា ច្រក​ព្រំដែន​អានសេះ ភ្នំទ្រព្យ និង​ជម្លោះ​នៅ​ភូមិ​ជោគជ័យ និង​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ។

នៅ​ពេល​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​គេ​មិន​ទទួល​ស្គាល់​ផែន​ទី​ហ្នឹង (ផែនទីរបស់ថៃ) នោះ​ទេ ដូច្នេះ​កម្ពុជា​នឹង​ឈ្នះ​ក្ដី​នៅ​តុលាការ​អន្តរជាតិ IJC។ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​នៅ​ពេល​នេះ គឺ​រដ្ឋាភិបាល​មិន​ទាន់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នៅ​ឡើយ​ទេ គ្រាន់​តែ​ជូន​ដំណឹង​ទៅ IJC ប៉ុណ្ណោះ​ឯង។

—  លោក អ៊ុំ សំអាន

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា។

ស្របពេល​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ដាក់​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ រួម​ទាំង​បណ្ដាល​មេដឹកពិភព​លោក ដើម្បី​ស្នើ​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​បង្គាប់​ឱ្យ​ថៃ​គោរព​តាម​បទ​ឈប់​បាញ់។ លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​បណ្ដា​មេដឹកនាំ​ទាំង​នោះ​ថា យោធា​ថៃ​ត្រៀម​បណ្ដេញ​ពលរដ្ឋ​រាប់រយ​គ្រួសារ​បន្ថែម​ចេញ​ពី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ រួម​ទាំង​ការ​ត្រៀម​ប្រើ​កម្លាំង​ចូល​ឈ្លានពាន​យក​តំបន់​១៧​ផ្សេង​ទៀត ចាប់​ពី​ខេត្ត​ពោធិ៍សាត់​ដល់​ខេត្ត​កោះកុង។

មន្ត្រី​បក្ស​ប្រឆាំង​បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរ​ឈប់​បន្ត​អត់ធ្មត់ ហើយ​បញ្ជា​ឱ្យ​កងទ័ព ទៅ​រារាំង​ទប់ស្កាត់​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ មក​លើ​តំបន់​ទាំង​១៧នោះ បើ​ពុំ​ដូច្នេះ​ទេ កម្ពុជា​នឹង​ត្រូវ​ប្រឈម​បាត់បង់​ទឹក​ដី​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។